Wednesday, October 18, 2017

ជន​អំបូរ​រ៉ូហ៊ីងយ៉ា ១២ នាក់​ស្លាប់​នៅ​ពេល​ទូក​របស់​ពួកគេ​លិច​ក្នុង​ទន្លេ Naf

កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ម្សិលមិញ យ៉ាង​ហោច​ណាស់​មាន​ជន​អំបូរ​រ៉ូហ៊ីងយ៉ា ១២ នាក់ ដែល​គេច​ចេញ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស បាន​លង់​ទឹក​ស្លាប់ នៅ​ពេល​ដែល​ទូក​របស់​ពួក​គេ​បាន​ក្រឡាប់​លិច។
មន្ត្រី​ព្រំដែន​ប្រទេស​បង់ក្លាដែស​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ថា សាកសព​មនុស្ស​ទាំង ១២ នាក់​នោះ​មាន «កុមារ​ចំនួន ១០ នាក់ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ និង​បុរស​ម្នាក់‍»។ ដោយសារតែ​ទូក​នោះ​បាន​លិច​នៅ​ជិត​ប្រទេស​មីយ៉ាន់ម៉ា លោក​មាន​ការ​សង្ស័យ​ថា អ្នក​ដែល​ជិះ​លើ​ទូក​នោះ​មួយ​ចំនួន​ទៀត​អាច​ហែល​ទៅ​កាន់​ដី​គោក​បាន។
អាជ្ញាធរ​មិន​បាន​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​ជិះ​នៅ​លើ​ទូក​នោះ​នោះ​ទេ​នៅ​ពេល​ដែល​វា​លិច ប៉ុន្តែ​ទូក​ដូច​នេះ​ជា​រឿយៗ​គឺ​មាន​មនុស្ស​ជិះ​យ៉ាង​ច្រើន​ហួស​ចំណុះ។
ទូក​នេះ​បាន​លិច​នៅ​ក្នុង​ទន្លេ Naf ដែល​ជា​ទន្លេ​នៅ​តាម​ព្រំដែន​រវាង​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​បង់ក្លាដែស។
ជន​អំបូរ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​ជាង ៥ សែន​នាក់ បាន​គេច​ចេញ​ពី​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា​ទៅ​កាន់​ប្រទេស​បង់ក្លាដែស​តាំង​ពី​ខែ​សីហា​មក​ម្ល៉េះ។
អ្នក​វិភាគ និង​អ្នក​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​នានា​បាន​និយាយ​ថា ចាប់​តាំង​ពី​ពួក​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​បាន​វាយ​ប្រហារ​លើ​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា​កាល​ពី​ខែ​សីហា​មក ពួក​យោធា​មីយ៉ាន់ម៉ា​បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​ជន​អំបូរ​រ៉ូហ៊ីងយ៉ា​ដោយ​ដុត​ភូមិ និង​សម្លាប់​ស្ត្រី និង​កុមារ​ជា​ដើម។
អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ការ​បង្ក្រាប​របស់​យោធា​មីយ៉ាន់ម៉ា​នេះ​អាច​ចាត់ទុក​ថា​ជា «ការ​បោស​សម្អាត​ជាតិ​សាសន៍‍»៕

No comments:

Post a Comment