Saturday, October 21, 2017

Content image - Phnom Penh Post ទិដ្ឋភាព​ប្រជុំ​កោះ​តូច​ៗ​ដែល​ភាគច្រើន​ជា​ភ្នំ​ភ្លើង​ដុះ​រដិប​រដុបយ៉ាង​ស្រស់​ស្អាត​លើ​ព្រំដែន​រវាង​រុស្ស៊ី និង​ជប៉ុន​។ ​ ទស្សនា​ប្រជុំ​កោះ​គូរីលស៍ លើ​ព្រំដែន​ជម្លោះ​រុស្ស៊ី និង​ជប៉ុន


ក្រុងតូក្យូ/រុស្ស៊ី: ជីវិត​ក្នុង​ប្រជុំកោះ​នេះ​ហាក់​រស់​នៅ​តាម​បែប​ផែន​ធម្មជាតិ ដោយ​សត្វ​ឆ្មាទឹក​ប្រមូល​ផ្ដុំគ្នា​តាម​ផ្ទាំង​ថ្ម ហ្វូងបក្សី​ហិចហើរ​តាំងពី​ព្រឹក​ព្រលឹម​រហូតដល់​ថ្ងៃ​លិច ឫស្សី​ដុះ​រកេត​រកូត​តាម​ចំណង់ និង​ទឹកក្ដៅ​ផុស​ខ្ពុរ​ចេញ​ពី​រណ្ដៅ ភ្នំភ្លើង។
ប្រជុំកោះ គូរីលស៍ ផ្ដល់​នូវ​ទស្សនីយភាព​ធម្មជាតិ​ក្នុង​មនោ​អារម្មណ៍​ភ្ញៀវទេសចរ។
វាសម្បូរ​ទីឋាន​ទឹកផុស​ធម្មជាតិ ដែល​ភាគ​ច្រើន​ផុស​ចេញ​ពី​រណ្ដៅ​ភ្នំភ្លើង និង​ទេសភាព​ដ៏ត្រកាល​នៃ​វាល​រហោឋាន​ល្វឹងល្វើយ​គូស​ភ្ជាប់​ជាមួយ​នឹង​វាល​ស្មៅ​បៃតង​ស្រស់។ ធម្មជាតិ​មិនមាន​ការកែ​ច្នៃ​សូម្បីតែ​បន្ដិច។ ទីឋាន​ទាំង​នេះ​មិនសូវ​មាន​មនុស្ស​មក​បៀតបៀន ហើយ​វា​ហ៊ុមព័ទ្ធ​ទៅ​ដោយ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខៀវ​ស្រងាត់ និង​សមុទ្រ​អូខូតស៍។
ប្រជុំ​កោះ គូរីលស៍ ចម្ងាយ​ប្រមាណ ១០៤១៧ គីឡូម៉ែត្រ​ពី​ក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី គឺជា​ប្រជុំ​កោះ​ភ្នំភ្លើង ៥៦ ដែល​លាត​សន្ធឹង​លើ​ផ្ទៃដី ១២០០ គីឡូម៉ែត្រ​ចន្លោះ​ឧបទ្វីប​កាមឆាតកា និង​កោះ​ហុកកៃដូ ជប៉ុន ដែល​បែង​ចែក​សមុទ្រ​អុកខុតស៍ ពី​សមុទ្រ​ប៉ាស៊ីហ្វិក។ ខាងត្បូង​ប្រជុំ​កោះ​គូរីលស៍ ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​រវាង​ជប៉ុន និង​សហភាព​រុស្ស៊ី។ ជម្លោះ​ដែនដី​នេះ​នៅ​តែបន្ដ​តាំង​ពី​សង្គ្រាមលោក​លើក​ទី ២។
ទោះ​ធ្លាប់​ត្រូវបាន​កាន់កាប់​ដោយ​ជប៉ុន កោះ​គូរីលស៍ ពេល​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ​រុស្ស៊ី។ អ្នក​ស្រុក​ភាគច្រើន​ប្រកប​របរ​នេសាទ​ក្នុង​ដែន​ទឹក​តាម​ប្រជុំ​កោះ។
កោះ​សម្បូរ​មនុស្ស​រស់នៅ​ច្រើន​បំផុត​គឺ​កោះ គុណា​សៀរ តំបន់ Yuzhno-Kurilsk តែ​ទីក្រុង​ដ៏តូច គូរីលស៍ ស្ថិត​លើ​កោះធំ​បំផុត អ៊ីទូរូព។
ដោយ​ស្ថិត​លើដី​រុស្ស៊ី​ច្រើន​បំផុត ភាសា​រុស្ស៊ី​ត្រូវ​បាន​ប្រើ​ទូទៅ ខណៈ​ភាសា​ជប៉ុន​មាន​អ្នក​និយាយ​តិចតួច។ ភ្ញៀវ​អាច​ធ្វើ​ដំណើរ​មក​ដល់​យ៉ាង​ឆាប់រហ័ស​តាមរយៈ​យន្ដហោះ​ពី Yuzhno-Sakhalinsk តែ​វាក៏​អាច​ធ្វើ​ដំណើរ​តាម​សាឡាង​ពី​សាខា​លីន មក​កាន់ គូណាសៀរ និង​ទៅកាន់ អ៊ីទូរូព។
ក្រៅ​ពីនេះ​ក៏មាន​ស្រឡាង​រត់​ពី​ប្រទេស​ជប៉ុន​តាមការ​វិភាគ​កំណត់​ទៅ​កាន់ Yuzhno Sakhalinsk ថែម​ទៀត។
ទីឋាន​កម្សាន្ដ​នានា រួម​មាន តំបន់​អភិរក្ស​ធម្មជាតិ​រដ្ឋ​គូរីលស្គីវ ភ្នំភ្លើង បារ៉ានស្គី ភ្នំភ្លើង ទី​យ៉ាទីយ៉ា សារមន្ទីរ​ព្រេង​កថា​អ្នកស្រុក និង Cape Edge of the World។
ភ្ញៀវ​ទទួល​ទាន​គ្រឿង​សមុទ្រ​ក្នុង​ប្រជុំ​កោះ ខណៈ​ការ​នេសាទ​នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងជើង​ជា​សកម្មភាព​កម្សាន្ដ​ពេញនិយម​បំផុត៕HR
                                      ទេសភាព​បុប្ផា​ព្រៃ​ដែល​ភ្ញៀវ​ទេសចរ​តិចតួច​បំផុត​បាន​ទៅ​ដល់​។






No comments:

Post a Comment