Wednesday, October 18, 2017

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​​ជា​លើក​ដំបូង​ឱ្យ​មាន​ការ​យក​​កម្រៃ​បន្ថែម​លើ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​របស់​អតិថិជន

លោក​ ហេង ណារ៉េត​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លាស្ទិក​ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​១០​ ​ខែ​តុលា​ ​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​តាម​ផ្សារ​ទំនើប​គ្រប់​រាជធានី​ខេត្ត​មុននឹង​អនុវត្ត​នៅ​តាម​គ្រប់​កន្លែង​លក់​ទំនិញ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០២០​ខាងមុខ។​
ខណៈ​ដែល​ថង់​ប្លាស្ទិក​ជា​ផលិតផល​វេច​ខ្ចប់​ដ៏​ពេញ​និយម​នៅ​កម្ពុជា​ និង​ត្រូវ​បាន​គេ​ដឹង​ថា ​ជា​ផលិតផល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ផង​នោះ​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ចេញ​អនុក្រឹត្យ​ថ្មី​មួយ ដើម្បី​គ្រប់គ្រង​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក។​ ក្នុង​នោះ​ ​ក៏​មាន​ការ​កំណត់​ពី​ការ​យក​តម្លៃ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ពី​អ្នក​ប្រើប្រាស់ជា​លើក​ដំបូង​ផង​ដែរ។
​រដ្ឋាភិបាល​កម្ពុជា​បង្កើត​បទបញ្ញត្តិ​ថ្មី​បន្ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ ​តាម​រយៈ​ការ​អប់រំ​ ​លើក​ទឹក​ចិត្ត​ ​និង​ជំរុញ​ឱ្យ​មាន​ការ​យក​កម្រៃ​បន្ថែម​លើ​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​របស់​អតិថិជន​នៅ​តាម​ទី​ផ្សារ។​ ​នេះ​បើ​តាម​ការ​ផ្សព្វផ្សាយ​ និង​ការ​បញ្ជាក់​របស់​មន្ត្រី​នៃ​ក្រសួង​បរិស្ថាន​នៅ​សប្តាហ៍​នេះ។​
​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​ ​ដែល​ចេញ​ផ្សាយ​លើ​គេហទំព័រ​របស់​ក្រសួង​បរិស្ថាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​បាន​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​សំណើ​របស់​ក្រសួង​បរិស្ថាន​ ​បាន​ចេញ​អនុក្រឹត្យ​ស្តី​ពី​ ​«ការ​គ្រប់​គ្រង​ថង់​ប្លាស្ទិក»​ ​ក្នុង​គោល​បំណង​បង្កើន​ប្រសិទ្ធភាព​លើ​ការ​កាត់​បន្ថយ​ ​ការនាំចូល​ ​ការ​ផលិត​ ​ការ​ចែក​ចាយ​ ​និង​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ ​ ដើម្បី​ធានា​បាន​នូវ​កិច្ច​គាំពារ​សុខភាព​សាធារណៈ​ ​បរិស្ថាន​ ​និង​សោភ័ណភាព។​
​អត្ថបទ​ព័ត៌មាន​របស់​ក្រសួង​បរិស្ថាន​ដដែល​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​
​«អនុក្រឹត្យ​ដែល​មាន​៣២​មាត្រា​នេះ​ ​គឺ​ផ្តោត​លើ​ចំណុច​សំខាន់​ចំនួន​៣​ ​គឺ​ទី១​ ​ការ​កំណត់​ប្រភេទ​ទំហំ កម្រាស់​លើ​ថង់​ប្លាស្ទិក​ស្តើង​ ​មាន​ដៃ​យួរ​ត្រូវ​បាន​ហាមឃាត់​លើ​ការ​នាំចូល​ ​ការ​ផលិត​ក្នុង​ស្រុក​ ​ការ​ចែក​ចាយ​ ​និង​ការ​ប្រើប្រាស់​ ​ទី២​ ​ការ​លើក​ទឹក​ចិត្ត​ដល់​ការ​កែច្នៃ​ថង់​ប្លាស្ទិក​ ​និង​ការ​ផលិត​ថង់​ ​ឬ​សម្ភារៈ​វេច​ខ្ចប់​ដែល​ផលិត​ពី​វត្ថុ​ធាតុ​ងាយ​ពុក​ផុយ​ ​ឬ​ជីវ​ប្លាស្ទិក​ដែល​ត្រូវ​ដាក់​អាករ​ពិសេស​ជា​បន្ទុក​របស់​រដ្ឋ​ ​និង​ទី៣​ ​ការ​គិត​កម្រៃ​បន្ថែម​ដល់​អតិថិជន​ដែល​ចង់​ប្រើប្រាស់​ថង់​ប្លាស្ទិក»។​
ថង់​ត្រូវ​បាន​ឃើញ​ប្រើបាស់​នៅ​ថ្ងៃ​សុក្រ​ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូរឬស្សី ​រាជធានី​ភ្នំពេញ។ ​(ឡេង ឡែន/VOA)
ថង់​ត្រូវ​បាន​ឃើញ​ប្រើបាស់​នៅ​ថ្ងៃ​សុក្រ​ ទី​១៤ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ផ្សារ​អូរឬស្សី ​រាជធានី​ភ្នំពេញ។ ​(ឡេង ឡែន/VOA)
លោក​ ហេង ណារ៉េត​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​ថង់​ប្លាស្ទិក​ដែល​បាន​ប្រកាស​ឲ្យ​ប្រើ​កាលពី​ថ្ងៃ​ទី​១០​ ​ខែ​តុលា​ ​ត្រូវ​ចាប់​ផ្តើម​អនុវត្ត​នៅ​តាម​ផ្សារ​ទំនើប​គ្រប់​រាជធានី​ខេត្ត​មុននឹង​អនុវត្ត​នៅ​តាម​គ្រប់​កន្លែង​លក់​ទំនិញ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ​២០២០​ខាងមុខ។​ ​លោក​បន្ថែម​ថា​ ​អនុក្រឹត្យ​នោះ​មាន​កំណត់​ពី​ទំហំ​ថង់​ប្លាស្ទិក​ដែល​ត្រូវ​ប្រើ​មិន​ឲ្យ​តូច​ជាង​ ​២៥​សង់ទីម៉ែត្រ​ ​ចំណែក​កម្រាស់​មិន​ឲ្យ​ស្តើង​ជាង​០.៣​ ​មីលីម៉ែត្រ​ ​ព្រម​ទាំង​ត្រូវកំណត់​តម្លៃ​បន្ថែម​សម្រាប់​អ្នក​ដែល​ប្រើប្រាស់​ថង់​ប្លាស្ទិក​នានា។​ ទោះ​ជា​យ៉ាង​ណា​លោក​ថា ក្រសួង​កំពុង​រៀបចំ​សេចក្តី​ប្រកាស​ផ្សេង​មួយ​ទៀត​ក្នុង​ការ​កំណត់​តម្លៃបន្ថែម​នេះ។
លោក ​ហេង ណារ៉េត​ បញ្ជាក់​ថា៖​
​«តម្លៃ​ហ្នឹង​គឺ​យើង​អត់​ទាន់​បាន​កំណត់​ទេ​ ​យើង​នឹង​រៀប​ចំ​ជា​ប្រកាស​អន្តរក្រសួង​មួយ​ទៀត​ ​ដើម្បី​កំណត់​ថ្លៃ​នៃ​ការ​យក​កម្រៃ​បន្ថែម​ទៅ​លើ​ថង់​ប្លាស្ទិក។​ ​ការងារ​នេះ​មិន​មែន​ជា​រឿង​មួយ​ថ្មី​ទេ​ ​បើ​យើង​ទៅ​ស្រុក​គេ​គឺ​យើង​បានដឹង​ហើយ​ ​យើង​ចូល​ក្នុង​ផ្សារ​ទំនើប​ ​កាលណា​យើង​ទិញ​សម្ភារៈ​ហើយ​ ​គេ​អត់​ឲ្យ​ថង់​យើង​ទេ ហើយ​បើ​យើង​ចង់​បាន​ថង់ យើងត្រូវ​បង់​លុយ​បន្ថែម​ដើម្បី​ទិញ​ថង់»។​
លោក​ ​បន្ថែម​ថា​ ​ថង់​ប្លាស្ទិក​ជា​ផលិតផល​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន​ ​និង​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​ ​ដូច្នេះ​លោក​ថា​ ​អនុក្រឹត្យ​នេះ​នឹង​ជួយ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋកាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​បាន​កាន់​តែ​ច្រើន។​
លោក​មាន​ប្រសាសន៍​ថា៖​
«ថង់​ប្លាស្ទិក​គឺ​ជា​សារធាតុ​មួយ​ដែល​វា​មិន​ងាយ​ពុក​ផុយ​នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​ វា​អាច​នៅ​រហូត​ដល់​រាប់​រយ​ឆ្នាំ ​អញ្ចឹង​ បើ​សិន​យើង​កប់​ ​គឺ​វា​អត់​ពុក​ទេ គឺ​វា​នៅ​ទ្រង់ទ្រាយ​ថង់​ហ្នឹង​រហូត។​ ហើយ​បើ​យើង​បោះ​ចោល​ទៅ​ក្នុង​ទឹក​ ​ជាពិសេស​នៅ​តាម​ទីក្រុង​ ​យើង​ឃើញ​ហើយ​កន្លង​មក​ ការ​លិច​ផ្លូវ​លិច​អី​ដោយ​សារ​ការ​ស្ទះ​លូ​ ​ហើយយើង​ទៅ​បារ​លូ​ហ្នឹង​ទៅ​ ​ភាគ​ច្រើន​គឺ​ប្លាស្ទិក​ហ្នឹង​តែ​ម្តង​ ​ដែល​វា​ទៅ​គាំង​នៅ​តាម​រន្ធ​លូ​ហ្នឹង។ ​ហើយ​មួយ​ទៀត​ បើ​សិន​យើង​យក​ប្លាស្ទិក​ហ្នឹង​ទៅ​ដុត​ វា​នឹង​បំភាយ​ឧស្ម័ន​ពុល គ្រោះ​ថ្នាក់​បំផុត​ទៅ​ដល់​សុខភាព​មនុស្ស​ ​និង​គុណ​ភាព​បរិស្ថាន»។
បើ​តាម​ការ​ស្ទង់​មតិ​មួយកាល​ពី​ចុង​ឆ្នាំ​២០១៥​ ​ស្ដី​អំពី​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​នៅ​កម្ពុជា​ ​ដោយ​អង្គការ​ ​ACRA ​ដែល​ធ្វើ​ការ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ ​បង្ហាញ​ថា​ ​ប្រជាជន​កម្ពុជា​ម្នាក់​ ​ជា​មធ្យម​ប្រើប្រាស់​ថង់​ប្លាស្ទិក​ចំនួន​២០០​ថង់​ក្នុង​មួយ​ខែ​ ​និង​ជាង២.០០០​ថង់​ក្នុង​មួយ​ឆ្នាំ។​
ការ​ស្ទង់​មតិ​នោះ​បញ្ជាក់​ថា​ ​ថង់​ប្លាស្ទិក​មួយ​គីឡូ​មាន​តម្លៃ​ជា​មធ្យម​៨.០០០​រៀល​ ​និង​ថា​ ​ជា​រៀង​រាល់​ឆ្នាំ​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ខាត​បង់​ថវិកា​អស់​រាប់​រយ​លាន​ដុល្លារ​ពី​កាក​សំណល់​ថង់​ប្លាស្ទិក​នេះ៕

No comments:

Post a Comment